ហេតុអ្វីបានជាកំពូលមនុស្សជោគជ័យសម្រេចកិច្ចការបានស្ទើរគ្រប់ពេល? តើសហគ្រិនសម្រេចកិច្ចការអស្ចារ្យសព្វថ្ងៃនេះ ដូចជាលោកJeff Bezos លោក Sergey Brin លោកស្រី Arianna Huffington និងលោក Elon Musk ជាដើមបង្កើតស្នាដៃច្នៃប្រឌិតដែលកំពុងតែប្រែក្លាយពិភពលោកនេះដោយរបៀបណា? តើគេមានផ្នត់គំនិតដូចម្តេច? ប្រើប្រាស់ដំណើរការនិងបច្ចេកទេសដូចម្តេចដើម្បីអាចឈរជើងនៅក្នុងលំដាប់ខ្ពស់និងដើរបានមុនគេមួយជំហានរហូតបែបនេះ?
អ្នកនិពន្ធសៀវភៅ វិស្វករ និងជាស្ថាបនិកក្រុមហ៊ុនជាង១៥កន្លែង គឺលោក Peter Diamandis បានគំនិតម្យ៉ាងដែលអាចរកចម្លើយទៅនឹងសំណួរទាំងអស់នេះបាន។ តាមរយៈការអនុវត្តតាមគំនិតនេះ មនុស្សគ្រប់គ្នាសុទ្ធតែអាចមានសក្តានុពលអាចសម្រេចកិច្ចការធំនិងកែប្រែពិភពលោកនេះបានដូចគ្នា គឺទទួលយកផ្នត់គំនិតមានមិនចេះខ្វះ។
សូមគិតរឿងមួយនេះ កាលពី១០ឆ្នាំមុន យើងប្រើប្រាស់ទូរសព្ទដែលអាចត្រឹមតែផ្ញើសារជាអក្សរ ហើយសព្វថ្ងៃនេះយើងអាចប្រើប្រាស់ទូរសព្ទទំនើបដែលអាចផ្ជាប់អ៊ីនថឺណិតបានគ្រប់ពេលហើយមានកម្លាំងខ្លាំងជាងម៉ាស៊ីនកុំព្យូទ័រជំនាន់មុនដែលមានទំហំប៉ុនបន្ទប់មួយទៅទៀត។ ដំណើរការខ្លះដែលត្រូវចំណាយលុយអស់រាប់លានដុល្លារកាលពីជំនាន់មុន មកចំណាយអស់មិនដល់មួយដុល្លារផង។ ជាក់ស្តែងអ្នកអាចបង្កើតមុខជំនួញថ្មីមួយក្នុងពេលត្រឹមតែប៉ុន្មាននាទី ហើយអាចលក់ផលិតផលបានភ្លាមៗ និងពង្រីកទីផ្សារទៅដល់មនុស្សស្ទើរតែគ្រប់គ្នាក្នុងពិភពលោកដោយប្រើប្រាស់ត្រឹមតែអ៊ីនថឺណិត។
ការផ្លាស់ប្តូរខាងបច្ចេកវិទ្យាពីមួយទសវត្សទៅមួយទសវត្សគឺជាឧទាហរណ៍យ៉ាងច្បាស់បំផុតនៃផ្នត់គំនិតមានមិនចេះខ្វះ។ អ្វីដែលវិស្វករកាលពី១០ឆ្នាំគិតថាមិនអាចបែរជាពេលនេះអាចធ្វើបានយ៉ាងងាយ។ ហើយអ្វីដែលមនុស្សប្រើគំនិតធម្មតាមិនអាចនឹកឃើញកាលពីមួយទសវត្សមុន បែរជាពេលនេះកំពុងតែកើតឡើងរាល់ថ្ងៃ។
សម្រាប់មនុស្សដូចលោក Jeff Bezos លោក Sergey Brin លោកស្រី Arianna Huffington និងលោក Elon Musk បញ្ហាមិនមែនស្ថិតនៅត្រង់ថាតើគេអាចសម្រេចកិច្ចការអ្វីមួយបាននោះទេ បញ្ហាស្ថិតនៅត្រង់ថាតើគេចង់សម្រេចបានកម្រិតណា និងឆាប់ប៉ុនណា ហើយនៅមានអ្វីទៀតដែលគេនឹងសម្រេចឱ្យបាន។
ដើម្បីអាចម្រេចបានស្នាដៃធំធេងដូចសហគ្រិនទាំងអស់នេះ លោក Peter Diamandis បានផ្តល់ដំបូន្មានថា ត្រូវរៀនទទួលយកអ្វីៗដោយផ្នត់គំនិតមានមិនចេះខ្វះ ពោលគឺគំនិតដែលថាគ្មានអ្វីដែលខ្វះខាតនោះទេក្នុងលោកនេះ។ ជាងនេះទៅទៀត អ្នកត្រូវគិតថាបច្ចេកវិទ្យាបង្កើតឱកាសច្រើនបន្ថែមទៀត ហើយអ្នកនឹងរកបានធនធានចាំបាច់ដែលអ្នកត្រូវការដើម្បីសម្រេចបានជោគជ័យ។
មេដឹកនាំមុខជំនួញសព្វថ្ងៃនេះប្រើប្រាស់ផ្នត់គំនិតមានមិនចេះខ្វះដើម្បីច្នៃប្រឌិត។ គេមិនខ្លាចអនាគតនោះទេ ហើយក៏មិនខ្វល់ចំពោះអ្វីដែលគេមិនអាចរកបាន ឬបារម្ភថា មិនមានធនធានគ្រប់គ្រាន់សម្រាប់ទស្សនវិស័យរបស់គេនោះទេ។ និយាយមួយបែបនេះ កំពូលមនុស្សជោគជ័យគិតថាអ្វីៗគ្រប់យ៉ាងសុទ្ធតែអាចទៅរួច ហើយគ្មានអ្វីដែលមានដែនកំណត់នោះទេ៕
ប្រែសម្រួល៖ វេហា
ប្រភព៖ Success Magazine

0 comments :
Post a Comment